PSG, Inter Milan និង Juventus ត្រៀមជះលុយធំទិញយក Messi - 365 Cambo News

ព័ត៌មានថ្មីៗ

Saturday, August 22, 2020

PSG, Inter Milan និង Juventus ត្រៀមជះលុយធំទិញយក Messi

 បន្ទាប់ពីលេចលឺដំណឹងជាបន្តរបន្ទាប់ថា Lionel Messi អាចនឹងមិនបន្តរកុងត្រាថ្មីជាមួយ Barcelona ក្លឹបបាល់ទាត់ធំៗមួយចំនួនកំពុងតែត្រៀមជះលុយធំដណ្ដើមយក Messi មកចូលរួមក្លឹបរបស់ខ្លួន មានដូចជាក្លឹបជើងឯកបារាំង Paris Saint-Germain (PSG) ក្លឹបអ៊ីតាលី Inter Milan និង Juventus ។

បន្ទាប់ពីបរាជ័យយ៉ាងអាម៉ាស់នៅក្នុងការប្រកួតជាមួយ Bayern Munich ក្រោមលទ្ធផល ៨-២ មក ធ្វើអោយស្ថានការកាន់តែក្ដៅគគុកសម្រាប់ Barcelona ដែលអាចនឹងប្រឈមមុខនឹងការបាត់បង់កីឡាករឆ្នើមរបស់ខ្លួនផងដែរ។ កាលពីពេលថ្មីៗនេះ មានការរាយការថា Messi បានប្រាប់ទៅអ្នកចាត់ការដែលទើបតែតែងតាំងថ្មីលោក Ronald Koeman ថារូបគេអាចនឹងចាកចេញច្រើនជាងនៅបន្តរជាមួយនឹងក្លឹប។


បើតាមការរាយការណ៍របស់កាសែតអេស្ប៉ាញ Sport បានអោយដឹងថា PSG, Inter Milan និង Juventus បានរៀបចំដាក់សំណើរទិញយក Messi ក្នុងរដូវក្ដៅនេះដែលអាចនឹងមានតម្លៃខ្លួនកំណត់ត្រាពិភពលោកផងដែរ។


ប្រសិនបើ Messi ចាកចេញពិតមែន Inter Milan អាចនឹងមានភាគរយខ្ពស់ជាងគេត្បិតអីការបង់ពន្ធរបស់កីឡាករបាល់ទាត់គឺតិចជាងនៅប្រទេសផ្សេងៗ ហើយ Inter Milan ក៏អាចនឹងប្រើបាស់ Lautaro Martinez ដែលជាគោលដៅរបស់ Barca ជាថ្នូរក្នុងការដោះដូរមួយនេះដែរ។


កាលពីឆ្នាំ ២០១៧ PSG បានទិញយក Neymar ពី Barcelona ក្នុងតម្លៃខ្លួនកប់ពពក ២០០ លានផោន ហើយក្លឹបយក្សរបស់បារាំងមួយនេះក៏អាចនឹងបញ្ចេចកញ្ចប់ប្រាក់ដ៏ធំម្ដងទៀតដែរដើម្បីនាំយកម្ចាស់ពាន Ballon D’or ៦ សម័យកាលមកចាប់ដៃគូរជាថ្មីជាមួយ Neymar ។


ចំណែកឯ Juventus វិញក៏មានបំណងចង់នាំយក Messi មកចាប់ដៃគូរប្រយុទ្ធជាមួយតារាឆ្នើមរបស់គេដែរ គឺ Cristiano Ronaldo ។ 


ក្រៅពីក្លឹបទាំងបីខាងលើ ក៏មានសេក្ដីរាយការណ៍ថាក្លឹមធំៗនៅអង់គ្លេសដូចជា Manchester City, Manchester United និង Chelsea ក៏មានចំណាប់អារម្មណ៍លើ Messi ផងដែរ ហើយពួកគេក៏ជាក្លឹបដែលមានកញ្ចប់ទឹកប្រាក់គ្រប់គ្រាន់ដើម្បីចំណាយនាំយកតារាឆ្នើមរូបមកពង្រឹងក្រុមរបស់ខ្លួនផងដែរ។


ប្រភពពី៖ All Football
ប្រែសម្រួលដោយ៖ 365 Cambo News

No comments: