កំណត់ត្រាធំៗចំនួន ៩ ដែល Liverpool អាចនឹងសម្រេចបានក្នុងរដូវកាលនេះ - 365 Cambo News

ព័ត៌មានថ្មីៗ

Thursday, January 9, 2020

កំណត់ត្រាធំៗចំនួន ៩ ដែល Liverpool អាចនឹងសម្រេចបានក្នុងរដូវកាលនេះ

ក្រុមហង្សក្រហម Liverpool កំពុងសម្លឹងឃើញការបំបែកកំណត់ត្រានៃក្របខ័ណ្ឌ Premier League របស់ខ្លួន ហើយក៏ទំនងជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីគ្រងដំណែងជើងឯកនៃក្របខ័ណ្ឌកំពូលរបស់អង់គ្លេសមួយនេះដែរ។
ពួកគេបានបង្កើតកំណត់ត្រាស្ទើរតែល្អឥតខ្ចោះក្នុងចំណោម ២០ ប្រកួតកន្លងមក បន្ទាប់ពីឈ្នះ ១៩ ប្រកួត និងស្មើរ ១ ប្រកួតជាមួយនឹងក្រុមបីសាចក្រហម Manchester United នៅកីឡាដ្ឋាន Old Trafford
ក្រុមរបស់លោក Jurgen Klopp កំពុងតែឈរកំពូលតារាងដែលនាំមុខក្រុមលេខ ២ Leicester City ចំនួន ១៣ពិន្ទុ ជាមួយនឹងការសល់មួយប្រកួតក្នុងដៃផងដែរ។ បើមើលទៅទំរង់លេងបច្ចុប្បន្ន និងកំណត់ត្រាដ៏ល្អនេះ ពួកគេអាចនឹងគ្រងដំណែងជើងឯកនៃក្របខ័ណ្ឌកំពូលរបស់អង់គ្លេស Premier League លើកដំបូងចាប់តាំងពីឆ្នាំ ១៩៩០។

ខាងក្រោមនេះគឺជាកំណត់ត្រាចំនួន ៩ ដែលពួកគេអាចនឹងសម្រេចបានក្នុងរដូវកាលនេះ៖
១. ការចាប់ផ្តើមដ៏ល្អបំផុតបន្ទាប់ពីលេងបាន ២១ ប្រកួត៖ ការឈ្នះ ១៩ ប្រកួត និងស្មើរ ១ ប្រកួតបានធ្វើអោយ Liverpool មាន ៥៨ពិន្ទុនៅក្នុងដៃ ហើយប្រសិនបើពួកគេអាចយកឈ្នះ Tottenham Hotspur នៅថ្ងៃអាទិត្យ ទី១២ ខែមករា ឆ្នាំ២០២០ នេះមួយប្រកួតទៀត ពួកគេនឹងមាន ៦១ពិន្ទុ ដែលនឹងបំបែកកំណត់ត្រារបស់ Manchester City កាលពីរដូវកាល ២០១៧/២០១៨ ដែលកាលនោះ ក្រុមរ​បស់លោក Pep Guardiola មាន ៥៩ពិន្ទុក្នុងចំណោម ២១ប្រកួតដូចគ្នា។
២. ការឈ្នះប្រកួតជាប់ៗគ្នាក្នុងទឹកដីច្រើនជាងគេ៖ កំណត់ត្រានេះកាន់កាប់ដោយ Manchester City កាលពីរដូវកាល ២០១១/២០១២ ហើយក្នុងរដូវកាលនេះ Liverpool បានទទួលជ័យជំនះចំនួន ១៨លើករួចមកហើយក្នុងទឹកដី Anfield របស់ខ្លួន។ ប្រសិនបើពួកគេអាចយកឈ្នះ Manchester United, Southampton, និង West Ham នៅប្រកួតខាងមុខ ពួកគេនឹងបំបែកកំណត់ត្រានេះបានហើយ។
៣. ការឈ្នះប្រកួតជាប់ៗគ្នាច្រើនជាងគេ៖ Manchester City កាន់កាប់កំណត់ត្រានេះដោយឈ្នះ ១៨ ប្រកួតជាប់ៗគ្នាចន្លោះពីខែសីហា ដល់ខែធ្នូ ឆ្នាំ២០១៧។ Liverpool ស្ទើរបំបែកកំណត់ត្រាមួយនេះបានទៅហើយកាលពីចន្លោះខែមីនា ដល់ខែតុលា ឆ្នាំ២០១៩ ដោយឈ្នះចំនួន ១៧ប្រកួតជាប់គ្នា តែត្រូវបរាជ័យទៅវិញដោយសារស្មើរជាមួយ Manchester United។ បន្ទាប់ពីនោះមកពួកគេក៏កំពុងតែបន្តឈ្នះ ១១ប្រកួតជាប់គ្នា ហើយប្រសិនបើពួកគេបន្តភាពមិនដែលចាញ់នេះរហូតដល់យកឈ្នះ Watford នៅថ្ងៃទី២៩ កុម្ភៈ ២០២០ នោះពួកគេនឹងក្លាយទៅជាម្ចាស់កំណត់ត្រានេះម្តងហើយ។
៤. ក្រុមដែលបរាជ័យតិចបំផុតក្នុងមួយរដូវកាល៖ មានតែ Arsenal មួយគត់ដែលមិនស្គាល់ពាក្យបរាជ័យសោះក្នុងរដូវកាល ២០០៣/២០០៤ នៃក្របខ័ណ្ឌ Premier League ដែលធ្វើអោយពួកគេទទួលរហ័សនាមថា “Invincible” ឬក្រុមមិនចេះចាញ់។ ចំណែកឯ Liverpool ក្នុងរដូវ កាលនេះកំពុងតែធ្វើបានល្អមែនទែនដោយមិនទាន់ស្គាល់ពាក្យថាចាញ់នៅឡើយទេ ប្រសិនបើពួកគេបន្តភាពល្អឥតខ្ចោះបែបនេះ ពួកគេអាចនឹងបរាជ័យតិចបំផុត ឬអាចនឹងបំបែកកំណត់ត្រារបស់ Arsenal បានដែរ។
៥. ក្រុមដែលរក្សាភាពមិនចាញ់ច្រើនជាងគេ៖ មានតែ Arsenal មួយគត់ដែលបង្ករភាពល្បីល្បាញក្រោមការដឹកនាំរបស់លោក Arsene Wenger ដែលឈ្នះ ៤៩ ប្រកួតរួមបញ្ចូលទាំងដូវកាល ២០០៣/២០០៤។ ក្រុមរបស់លោក Jurgen Klopp កំពុងតែរក្សាភាពមិនដែលចាញ់របស់ខ្លួនចំនួន ៣៧ ហើយមកទល់ពេលនេះ ដូច្នេះពួកគេត្រូវតែឈ្នះ ឬស្មើនៅគ្រប់ប្រកួតបន្ទាប់ខាងមុខទៀត និងត្រូវយកឈ្នះ Aston Villa នៅថ្ងៃ ១១ មេសា ២០២០ ដើម្បីកាន់កាប់កំណត់ត្រាមួយនេះ។
៦. ក្រុមដែលរក្សាភាពមិនចាញ់រយៈពេលយូរជាងគេ៖ Arsenal ដដែលដែលរក្សាភាពមិនចាញ់រយៈពេល ៥៣៧ ថ្ងៃ ហើយបន្ទាប់ពី Liverpool យកឈ្នះ Sheffield United កាលពីថ្ងៃទី ០២ មករា  ពួកគេបានធានាភាពមិនចាញ់របស់ខ្លួនពេញមួយឆ្នាំ។ ប្រសិនបើពួកគេរក្សាការឈ្នះរហូតដល់ចប់រដូវកាលនេះ នោះពួកគេនឹងបំបែកកំណត់ត្រារបស់ Arsenal ហើយ។
៧. ក្រុមដែលឈ្នះច្រើនបំផុតក្នុងមួយរដូវកាល៖ ក្រុម Manchester City របស់លោក Pep ជាអ្នកកំពុកកាន់កាប់កំណត់ត្រាមួយនេះដោយឈ្នះ ៣២ប្រកួតក្នុងចំណោម ៣៨ប្រកួត ហើយ Liverpool ត្រូវការឈ្នះ ១៤ប្រកួតទៀតក្នុងចំណោម ១៨ប្រកួតដែលនៅសល់ដើម្បីឈ្នះកំណត់ត្រារបស់ Manchester City
៨. ក្រុមដែលឈ្នះក្នុងទឹកដីច្រើនជាងគេក្នុងមួយរដូវកាល៖ ក្រុមដែលឈ្នះក្នុងទឹកដីច្រើនជាងគេមានបីក្រុមគឺ Chelsea ក្នុងឆ្នាំ ២០០៥/២០០៦, Manchester United ក្នុងឆ្នាំ ២០១០/២០១១ និង Manchester City ក្នុងឆ្នាំ ២០១១/២០១២ និង ២០១៨/២០១៩ ដែលធ្វើបាន ១៨លើកដូចគ្នា។ ចំនែករដូវកាលនេះ Liverpool បានបន្តឈ្នះក្នុងទឹកដី ១១ លើកហើយ ដូច្នេះពួកគេអាចនឹងឈ្នះ ១៩ប្រកួតដើម្បីបំបែកកំណត់ត្រាក្នុងនេះដោយយកឈ្នះ Manchester United, Southampton, West Ham, Bournemouth, Crystal Palace, Aston Villa, Burnley និង Chelsea.
៩. ក្រុមដែលឈ្នះក្រៅទឹកដីច្រើនជាងគេក្នុងមួយរដូវកាល៖ Manchester City ជាក្រុមដែលឈ្នះក្រៅទឹកដីច្រើនជាងគេក្នុងឆ្នាំ ២០១៧/២០១៨ ដែលធ្វើបាន ១៦លើកក្នុងចំណោម ១៩ប្រកួតក្រៅទឹកដី។ ក្រុមហង្សក្រហមទទួលជ័យជំនះ ៨លើកក្នុងចំណោម ៩ប្រកួតមកទល់ពេលនេះ ហើយប្រសិនបើពួកគេនៅតែបន្តរភាពខ្លាំងរហូតដល់ចប់រដូវកាល ដោយអាចយកឈ្នះ Tottenham Hotspur, Wolves, West Ham, Norwich, Watford, Everton, Manchester City, Brighton, Arsenal និង Newcastle នោះពួកគេនឹងកាន់កាប់ដំណែងកំណត់ត្រានេះវិញមិនខាន។

ប្រភព៖ All Football
ប្រែសម្រួលដោយ៖ 365 Cambo News

No comments: